Facebook Like

Saturday, August 5, 2017

ប្រភពជនជាតិខ្មែរតាមទស្សនៈរបស់លោកអាដឺម៉ារ ឡឺក្លែរ

·   0


ភាពត្រឹមត្រូវ​នៃ​ទស្សនៈ​ណាមួយ អាស្រ័យ ឬ​មិន​អាស្រ័យ គឺ ត្រូវ​បង្ហាញ​បញ្ជាក់​របកគំហើញ​ថ្មី​ក្នុង​យន្តការ​នៃ​ការស្រាវជ្រាវ​ដែល ត្រូវបាន​អនុវត្តន៍​ជា​បន្តបន្ទាប់ ។ ដូច្នេះ​តាមរយៈ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​លើ​ទិន្នន័យ​ថ្មីៗ គេ​អាច​កែតម្រូវ​រាល់​ការខុសឆ្គង​ពីមុនមក ឬក៏​អាច​ដោះស្រាយ​នូវ​បញ្ហា​មួយចំនួនធំ​ដែល​កំពុង​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​ស្រពិចស្រពិល ។ នេះ​ជា​ដំណើរការ​ធម្មតា និង​វិធីសាស្ត្រ​ជា វិជ្ជមាន​នៃ​វិទ្យាសាស្ត្រ ។​
​    ​ខាងលើនេះ​មានន័យថា ការវាយតម្លៃ​ទៅលើ​បញ្ហា​ណាមួយ ឬ​ការកែតម្រូវ​ឡើងវិញ​នៃ​ការសន្និដ្ឋាន គឺមាន​ទំនាក់ទំនង​វិជ្ជមាន​ជាមួយ នឹង​ការរកឃើញ​នូវ​ទិន្នន័យ​ថ្មី​ពាក់ព័ន្ធ ។ ហើយ​បើ​យើង​មើល​ទៅលើ​ទស្សនៈ​មួយចំនួន ជាពិសេស​ទស្សនៈ​របស់​លោក​អា​ជឺ​មាន ឡឺ​ក្លែ​រ ជុំវិញ បញ្ហា​ពាក់ព័ន្ធ​ទៅនឹង​ដើមកំណើត​នៃ​ប្រជាជន​ខ្មែរ​នោះ យើង​នឹង​ឃើញថា មានការ​ផ្លាស់ប្តូ​រទស្ស​នៈ​ទាំងស្រុង ។
 ​នៅ​ដើម​ទសវត្ស​នៃ​សតវត្ស​ទី ២០ ក្នុង​សៀវភៅ ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​ចាប់តាំងពី​សតវត្ស​ទី​១ នៃ​គ្រឹ​ស្ត​សករាជ​មក ដោយ​ផ្នែក តាម​សិលាចារឹក កំណត់ហេតុ​ចិន និង​អាណ្ណា​ម និង​តាម​ឯកសារ​អឺរ៉ុប​ដែលមាន​វត្តមាន​ក្នុង​៦​សតវត្ស​ចុងក្រោយ​នេះ លោក​អា​ជេ​ម៉ារ ឡឺ​ក្លែ​រ អតីត​រ៉េស៊ីដង់​បារាំង​ប្រចាំ​កម្ពុជា​នៅ​ចុង​សតវត្ស​ទី​១៩ បានសរសេរថា :
​    ​ប្រជាជន​ដែល​កសាង​ប្រទេសជាតិ​ខ្មែរ​ឡើង រស់​នៅលើ​ទឹកដី​ដែលមាន​ឈ្មោះ​សព្វថ្ងៃ​ថា កូសាំងស៊ីន (​កម្ពុជា​ក្រោម ឬ​វៀតណាម​ខាង ត្បូង​) និង​កម្ពុជា បើ​ហោចណាស់​ក៏​រហូតដល់​ល្បាក់ខោន (​ប្រទេស​លាវ​) នឹង​សៀម​ផងដែរ ប្រវត្តិសាស្ត្រ​ដែល​យើង​នឹង​សរសេរ គឺជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​ទាំងនោះ​ ។​
ចំពោះ​ទឹកដី​កំណើត​និង​ជាតិ​សាសន៍ ដោយយោង​លើ​ទិន្នន័យ​មួយ​ចំ​នួ ដូចជា​កំណត់ហេតុ​ចិន និង​រឿងព្រេង​ខ្មែរ លោក​ក៏បាន​បន្តទៀតថា   ពួក​ចិន ដែល​ស្គាល់​ឥណ្ឌូចិន​តាំងតែ​ពី ២០០០​ឆ្នាំមុន ដោយមាន​ពួក​អ្នកដើរ​សំពៅ​មក​ចុះចត​ជា​ញឹក​ញយផង​នោះ បាន​ហៅ​ទឹកដី​នៃ អាង​ទន្លេមេគង្គ​ខាងក្រោម​រហូតដល់​មាត់​ត្បូង​ថា ហ្វូណន ឬ​ប៉ូ​ណន ។ តាមមើលទៅ ពួក​វិប្រជា​ឬ​កុលសម្ព័ន្ធ​ដែល​រស់នៅ​ទីនោះ មិនបាន​ស្គាល់ ឈ្មោះ​ដែល​ចិន​ដាក់​ឲ្យ​គេ​នេះ​ទេ ។ លោក​បន្តទៀតថា បើតាម​ប្រជាជន​កម្ពុជា និង​តាម​រឿងព្រេង អ្នកស្រុក​បាន​ហៅ​ចំណែក​ដែល​ត្រូវ​នឹង​កម្ពុជា​សព្វថ្ងៃ​ថា គោកធ្លក ឬ​នគរ​គោកធ្លក ។​

​    ​គឺ​ពេល​ក្រោយ​យូរ​មកទៀត ទើប​អ្នកស្រុក​ប្រែ​ហៅថា ស្រុក​ខ្មែរ​វិញ រួច​ក្រោយៗ​មកទៀត​ហៅ​កម្ពុជា​ជា​សំ​ស្ត្រឹ​ត​ថា កម្ពុជា ជា​ឈ្មោះ​ដែល​ជ្រើសរើស​ដោយ​ពួក​អ្នក​មក​ច្បាំង​ដណ្តើម​ស្រុក និង​អ្នក​ដែល​នាំ​អារ្យធម៌​ហិណ្ឌូ​មក​ផ្តល់​ឲ្យ ។​
ប៉ុន្តែ បើទោះជា​ឈ្មោះ​នោះ​ជា​ពាក្យ​ចិន ជា​ពាក្យ​របស់​អ្នកស្រុក ឬក៏​ជា​ពាក្យ​សំស្ក្រឹត​ក្តី ក៏​នៅ​ឥណ្ឌា​ភាគ​ខាងជើង​គេ​ស្គាល់​ប្រទេស​ខ្មែរក្រោម​ឈ្មោះថា សក្ក​ទ្វីប ឬ​ទឹកដី​របស់​ដើម​សកៈ គឺ​ដើម​ម៉ៃសាក់ ។ ដើម​ម៉ៃសាក់​ខុសគ្នា​ពី​ដើម​ធ្លក ក៏ប៉ុន្តែ​ដើមឈើ​ទាំង​២​មាន​ផ្លែ​ដូចគ្នា ដែល​ពួកក្មេងៗ តែងតែ​យកមក​កកេរ ហើយ​គេ​អាច​យកមក​ចម្រាញ់យកប្រេង​បាន ។ បើ​ដូច្នេះ គេ​អាច​ទទួលស្គាល់ថា ឈ្មោះ​ដែល​គេ​ដាក់​ឲ្យ​កម្ពុជា ទោះជា​ដាក់​ឲ្យ​ដោយ​ប្រជាជន​ខ្លួនឯង ឬក៏​ដាក់​ដោយ​ពួក​ហិណ្ឌូ​ក្តី គឺ​ពាក្យ​តែមួយ ហើយដោយ​ហេតុនេះ ប្រពៃណី​របស់​ប្រជាជន គឺ​ពិតជា​ត្រូវ​នឹង​សញ្ញាណ​របស់​ហិណ្ឌូ​ដែរ ។​
​    ​គួរ​កត់សម្គាល់ថា នៅ​សតវត្ស​ទី​២ នៃ​គ្រិស្តសករាជ ពួក​ក្រិ​ក និង​រ៉ូ​ម៉ាំង ស្គាល់​ស្រុក​ខ្មែរ ដោយ​ផែនទី​របស់​ផ្តូ​លេ​មេ ដែល​គូសឡើង​តាម​ការនិទាន​របស់​អ្នកធ្វើដំណើរ​តាម​សមុទ្រ ផែន​ទីនោះ​ដាក់ឈ្មោះ​ឲ្យ​ថា ជា​ស្រុក​របស់​ពួក​លេ​ស្តៃ ដែល​ខុសគ្នា​ឆ្ងាយ​ណាស់​នឹង​ពាក្យ​កម្ពុជា ។ លោក​វរសេនីយ៍ឯក ហ្សេ​រី​នី បាន​សន្និដ្ឋានថា ឈ្មោះ​នេះ​មិនមែនជា​ឈ្មោះ​ដែលថា​តាម​ពាក្យ​អ្នកស្រុក​ដើម​នោះទេ តែ​គឺជា​ពាក្យ​ប្រែ​ទៅវិញ ។ បើ​និយាយ​ដូច្នេះ លេ​ស្តៃ ជា​ពាក្យ​ក្រិ​ក​ដែល​មានន័យថា ចោរ ឬ​ចោរ​សមុទ្រ ។ ខ្ញុំ​នៅ​មិនទាន់​យល់​នៅឡើយ​អំពី​និរុត្តិសាស្ត្រ ដ៏​ប៉ិនប្រសប់​បែបនេះ តែ​ខ្ញុំ​ហាក់ដូចជា​ទាល់​ប្រាជ្ញា ក្នុង​ការដែល​ចង់​ពន្យល់​ពាក្យ​ខ្មែរ បែរជា​លេច​ពាក្យ លេ​ស្តៃ ទៅវិញ ។ តែ​លោក​វរសេនីយ៍ឯក បាន​រំលឹកថា ពាក្យ​កម្ពុ ដែលមាន​នៅក្នុង​សិលាចារឹក​ជា​ឈ្មោះ​របស់​ទេវៈ​បុព្វបុរស របស់​កម្ពុ ស្វ័យ​ម្ភុ ដែល​មានន័យថា កើតមានឡើង​ដោយ​ខ្លួនឯង ពោលគឺ ព្រះព្រហ្ម ។ ហើយ​ពាក្យ​នេះ​ជា​ភាសា​សំ​ស្រឹ្ត​ត​មានន័យថា ចោរ ឬ​ចោរ​សមុទ្រ ។ ដោយហេតុនេះ​លោក​វរសេនីយ៍​សន្និដ្ឋានថា ពាក្យ​ក្រិ​កថា លេ​ស្តៃ ត្រូវ​គ្នា​នឹង​ពាក្យ​កម្ពុ ពាក្យ​ទាំងពីរ​ម៉ាត់​នេះ​មានន័យថា ចោរ​, ចោរ​សមុទ្រ ឬ​បើ​ហោចណាស់ ក៏​សំដៅយក​ពួក​អ្នក​ដែល​រស់នៅ​ជា​ក្រុម​ប្រដាប់​ដោយ​អាវុធ​ដែរ ។ លោក​សន្និដ្ឋាន​បន្តទៀត​ថា នៅ​ស្រុក​នេះ អ្នកស្រុក​ប្រកបមុខរបរ​ជា​ចោរ​សមុទ្រ ឬ​បើ​ពុំ​នោះទេ ក៏ត្រូវ​ជា​កូនចៅ​របស់​មេចោរ​សមុទ្រ ឬ​ចោរប្លន់​តាម​សមុទ្រ​ណា​ម្នាក់ ដែល​បុគ្គលិកលក្ខណៈ បាន​រលុប​បាត់​តាម​វេលា​ទៅហើយ នៅ​សតវត្សរ៍​ទី​៥ ។​
​    ​ទាំង​រឿងព្រេង ទាំង​ប្រពៃណី​កម្ពុជា និយាយថា ពួក​អ្នក​រស់នៅក្នុង​នគរ​គោកធ្លក​មានឈ្មោះ​ថា នាគ ដែល​ក្រោយមក​ដូរ​ជា​ខ្មែរ រួច​ជា​កម្ពុជា​វិញ ។ តែ​វា​មាន​មូលហេតុ​ដែល​អាច​ឲ្យ​ជឿ បាន​ថា ពាក្យ នាគ នេះ មិនមែនជា​ឈ្មោះ​ដើម​ដែល​គេ​ហៅ​ខ្លួនគេ​នោះទេ ប៉ុន្តែ គឺជា​ពាក្យ​ដែល​ពួក​និ​រ​ប្រវេសន៍​ហិណ្ឌូ​ដាក់​ឲ្យ ។ ពាក្យ​ដែល​គេ​ហៅ​ខ្លួនគេ​នោះ គឺ​ប្រហែលជា​ពាក្យ​ដែល​មាននៅ​រហូតដល់​ស​ព្វ​ថ្ងៃ គឺ​ខ្មែរ​នេះឯង គ្រាន់តែ​ពាក្យ​នេះ មាន​សរសេរ​ប្លែកៗ​គ្នា ទៅតាម​ពេលវេលា ទីកន្លែង និង​តាម​គ្រាមភាសា​របស់​អ្នកស្រុក​នីមួយៗ គឺមាន​ពាក្យ ខម​, កៅ​មេ​, ក្មេ​ន​, ក្មី​, គិ​មី​, គួរ​, ក្មៀ​រ​, កុមារ ដែលជា​ពាក្យ​តាម​ភាសា​អ្នក​វិប្រជា​ដើម ។​

​    ​នៅ​ចំពោះមុខ​ពួក​បរទេស​ហិណ្ឌូ ដែលមាន​អារ្យធម៌​ជឿនលឿន​ជាង​ពួក​អ្នក​រដ្ឋវាសី (​អ្នក​នៅក្នុង​រដ្ឋ​) ដែល​មិនសូវមាន​អាវុធ​ផង ហើយក៏​អាចជា​អ្នក​ចូលចិត្ត​សន្តិភាព​ជាង​ផង មិនបាន​វាយតប​ទេ គេ​ដកថយ​ទុក​កន្លែង​ឲ្យ​ពួក​នោះ តាំងទី​លំនៅ​កសាង​បានជា​ក្រុម​ឧ​ប​និវេសន៍​ពាណិជ្ជករ ដែល​ធ្វើដំណើរ​ចេញចូល​ស្រុក​ដោយ ស្ថិតនៅ​ដាច់ស្រឡះ​ពី​អ្នកស្រុក​ដើម តែ​ក្រោយមក​បានក្លាយ​ទៅជា​មេដឹកនាំ​ស្រុក​វិញ  ។​
 ​ក្រុម​ឧ​ប​និវេសន៍​ដំបូងៗ ជា​ក្រុម​ឧ​ប​និវេសន៍​ពួក​ជ្វា​មកពី​កោះ​ជ្វា ឬ​ពួក​ម៉ា​ឡេ​មកពី​កោះ​ស៊ូ​ម៉ា​ត្រា ដែល​បានទទួល​អារ្យធម៌​ហិណ្ឌូ​រួចមកហើយ ។ ពួក​ឧ​ប​និវេសន៍​ដែល​មក​បន្ទាប់​ទៀត គឺ​ពួក​ហិណ្ឌូ​មកពី​រដ្ឋ​កលិង្គៈ ។​
​    ​ឯកសារ​ចិន​បាន​រក្សាទុក​នូវ​រឿងរ៉ាវ​ដ៏​សំខាន់​មួយ ដែល​អាចជា​ការចងចាំ​សេសសល់​ពី​ការឈ្លានពាន​លើកទីមួយ​របស់​ពួក​ម៉ា​ឡេ​មកលើ​កម្ពុជា  នៅត្រង់​ម្តុំ​ចូ​វ​ដុត ពីព្រោះថា មាត់ពាម​របស់​ទន្លេមេគង្គ​កាលពី​ពេលនោះ ប្រហែលជា​នៅ​ខ្ពស់ជាង​សព្វថ្ងៃ ហើយ​ដី​ដែល​អាច​សង់​លំនៅស្ថាន​បាន នៅ​កាន់តែ​ឆ្ងាយ​បន្តិច​ទៅខាង​ជើង ។ រឿងរ៉ាវ​ដែល​ពួក​ចិន​បាន​រក្សាទុក​នោះ បាន​ត្រូវគេ​រៀបរាប់​នៅ​សតវត្សរ៍​ទី​៣ នៃ​គ្រិស្តសករាជ ក៏ប៉ុន្តែ រឿង​នោះ​ប្រហែលជា​អាចមាន​ឫសគល់​តាំងពី​១០០ ឬ​២០០​ឆ្នាំមុន ។​
​    ​កាលនោះ ប្រទេស​នេះ​ដឹកនាំ​ដោយ​ក្ស​ត្រី​មួយអង្គ ព្រះនាម​ថា លីវយី ប្រែ​ថា​ស្លឹក​ស្រូល ។ ពេលនោះ​មាន​បុរស​ម្នាក់​ឈ្មោះ ហួន​ហ្វី ឬ​ហ៊ុនទៀន ដែល​គោរពបូជា​ព្រហ្មញ្ញសាសនា ធ្វើដំណើរ​មកពី​ទិសទក្សិណ គឺ​ចេញពី​សមុទ្រ​ខាងត្បូង មក​ចត​សំពៅ​នៅ​នឹង​រាជធានី ហើយ​បាន​វាយ​ឈ្នះ​ទ័ព​ដែល​ព្រះ​នាង​លីវយី​បាន​បញ្ជូនទៅ​ទប់ទល់ ។ ក្រោយពី​បានរៀបចំ​ស្រុក​ឲ្យ​មាន​សន្តិភាព​រួចហើយ ព្រាហ្មណ៍​នោះ​ក៏​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ព្រះ​នាង​លីវយី រួច​ឡើង​សោយរាជ្យ​នៅ​នគរ​ហ្វូណន​ដែល​អ្នកស្រុក​ដើម​ហៅថា គោកធ្លក តទៅ ។​
​    ​ដូចនេះ​ព្រះ​នាង​លីវយី គឺជា​ស្តេច​សោយរាជ្យ​ដំបូង​នៅ​នគរ​គោកធ្លក ។ ព្រះរាជា​ទី​២ គឺ​ព្រះបាទ​ហ៊ុនទៀន ដែលជា​ជនបរទេស​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ព្រះ​នាង​លីវយី គឺអាច​ជា​ម៉ា​ឡេ ឬ​ជ្វា ព្រោះ​ធ្វើដំណើរ​មកពី​ទិស​ខាងត្បូង ហើយ​នៅ​ពី​ត្បូង​កម្ពុជា​ពេលនោះ គឺ​កោះ​ជ្វា ឬ​កោះ​ស៊ូ​ម៉ា​ត្រា ឬ​បើ​ពុំ​នោះទេ គឺ​សិង្ហ​បុរី ។​
​    ​ព្រះបាទ​ហ៊ុនទៀន និង​ព្រះ​នាង​លីវយី​មាន​ព្រះរាជបុត្រ​មួយ​ព្រះអង្គ ។ ពេល​ព្រះរាជ​បុត្រា​នេះ​ចម្រើន​ព្រះជន្ម​ធំ​ឡើង ព្រះ​បាន​ទ​ហ៊ុនទៀន​បានរៀបចំ​ដី​សាមន្តរាជ​មួយ មាន​ទីក្រុង​៧ ឲ្យ​គ្រប់គ្រង​ដី​នេះ​ដែលជា​ដី​សាមន្តរាជ​ទីមួយ​នៃ​ព្រះរាជាណាចក្រ ។ ក្រោយមក មាន​ស្តេច​ស្នងរាជ្យ​បន្ត​ពី​ព្រះ​រាជ្យ​បន្ត​ពី​ព្រះ​បាន​ទ​ហ៊ុនទៀន​មួយអង្គ ព្រះនាម​ហ៊ុន​ប៉ាង​ហួង បាន​ប្រើល្បិច​បំបែកបំបាក់​ទីក្រុង​ទាំង​៧ រួច​ក៏​វាយយក​ដាក់​ជា​ចំណុះ ទើប​ទ្រង់​ចាត់តាំង​ព្រះរាជបុត្រ​ព្រះរាជ​នត្តា​ឲ្យ​ទៅ​សោយរាជ្យ​លើ​ទីក្រុង​នីមួយៗ​នោះ​ទៀត ។ សរុបមក​ដី​សាមន្តរាជ​មួយ​ដែល​ព្រះបាទ​ហ៊ុនទៀន​បានរៀបចំ​ឲ្យ​ព្រះរាជបុត្រ​របស់​ព្រះអង្គ​សោយរាជ្យ តែ​ស្តេច​ទឹកដី​មួយៗ ចង់​រើខ្លួន​ឲ្យ​បាន​ឯករាជ្យ បាន​ត្រូវ​ព្រះអង្គ​វាយ​ដាក់​ជា​ចំណុះ​ឡើងវិញ រួច​បែងចែក​ឲ្យ​ស្តេច​ក្រាញ់​៧​រូប​សោយរាជ្យ ។​


​    ​ព្រះរាជា​អង្គ​នេះ​បាន​គ្រងរាជ្យ​រហូតដល់​ព្រះជន្ម​៩០​ព្រះវស្សា​ទើប​សោយ​ទីវ​ង្គ​តទៅ ពេលនោះ​ព្រះរាជបុត្រ​ទី​២​របស់​ព្រះអង្គ ព្រះនាម​ថា ផាន់ ផាន់ ត្រូវបាន​ជ្រើសតាំង​ឲ្យ​ឡើង​សោយរាជ្យ​បន្ត​ពី​ព្រះបិតា ។ ប៉ុន្តែ​ស្តេច​អង្គ​នេះ មិនបាន​យកចិត្តទុកដាក់​នឹង​កិច្ចការ​ប្រទេសជាតិ​ទេ ទ្រង់​បានប្រគល់​កិច្ចការ​ទាំងអស់​ឲ្យ​មេទ័ព​ព្រះអង្គ​ឈ្មោះ ហ្វា​ន់​ចេ​ម៉ាន់ ឬ​ហ្វា​ន់​ម៉ាន់ កាន់កាប់​ជំនួស​វិញ ហើយ​ព្រះអង្គ​បាន​សោយ​ទីវ​ង្គ​តទៅ ក្រោយពី​សោយរាជ្យ​បាន​៣​ឆ្នាំ ។ ពេលនោះ​សេនាមុខ​មន្ត្រី​ក៏បាន​លើក​មេទ័ព​ហ្វា​ន់​ម៉ាន់​ឲ្យ​ឡើង​សោយរាជ្យ​បន្ត ។ ការលើក ហ្វា​ន់​ម៉ាន់​ឲ្យ​សោយរាជ្យ​នេះ មិន​បានទទួល​ការគាំទ្រ​ពី​មហាជន​ទេ ជាពិសេស​ពី​ពួក​ស្តេច​ក្រាញ់​ដែល​សោយរាជ្យ នគរ​ចំណុះ​ទាំងឡាយ ពីព្រោះ​ឯកសារ​ចិន​បាន​បញ្ជាក់ថា ក្រោយពី​បាន​ឡើង​សោយរាជ្យ​ព្រះបាទ​ហ្វា​ន់​ម៉ាន់ ដ៏​អង់អាច និង​មាន​សមត្ថភាព បានធ្វើ​សឹកសង្គ្រាម វាយ​បង្ក្រាប​ប្រទេស​ចំណុះ​ទាំងឡាយ​ឲ្យ​រាបទាប​ឡើងវិញ ។ មើលទៅ​ព្រះរាជា​អង្គ​នេះ ជា​ក្សត្រ​អង់អាច​ក្លាហាន និង​ជា​អ្នក​ចម្បាំង​ផង ។ ព្រះអង្គ​បាន​ចាត់​ឲ្យ​កសាង​នាវា​ធំៗ ដែល​ព្រះអង្គ​ជិះ​កាត់​សមុទ្រ​ជ្រៅៗ ធ្វើ​ចម្បាំង​វាយ​ប្រទេស​លើសពី​១០ ក្នុងនោះ មួយចំនួនធំ​ស្ថិតនៅក្នុង​ទៀបកោះ​ដែល​ពួក​អឺរ៉ុប​ហៅថា ម៉ា​ឡា​កា ។​

ព្រះអង្គ​មាន​រាជធានី​ដែល​ហៅ និង​សរសេរ​តាម​ភាសា​ចិន​ថា តូ​មូ នៅ​ចម្ងាយ​ប្រមាណ​ជា​១៨០​គីឡូម៉ែត្រ​ពី​មាត់ពាម​ទន្លេមេគង្គ និង​មាត់ច្រាំង​នៃ​ទន្លេ​ដ៏​ធំ​មួយ ដែល​នាវា​សមុទ្រ​អាច​ចូល​បាន​យ៉ាង​ស្រួល ។​
​    ​ព្រះបាទ​ហ្វា​ន់​ម៉ាន់ បាន​ប្រឈួន​នៅពេល​កំពុង​ធ្វើសង្គ្រាម​មួយ ទ្រង់​បាន​ចាត់​ឲ្យ​ព្រះរាជបុត្រ​ច្បង ព្រះនាម​គិ​ន​ចេង បញ្ជា​ទ័ព​ជំនួស​ព្រះអង្គ ហើយ​ទ្រង់​ទុក​ព្រះ​ភាគិនេយ្យ​ព្រះអង្គ​ព្រះនាម​ចាន់ ជា​បុត្រ​របស់​ព្រះអនុជ​ក្ស​ត្រី​ព្រះអង្គ​ឲ្យ​កាន់​ទ័ព​២០០០​នាក់ នៅ​ការពារ​ព្រះអង្គ ។ ព្រះ​ភាគិនេយ្យ​នេះ​បាន​ឆ្លៀត​យក​ឱកាស ដែល​ព្រះបាទ ហ្វា​ន់​ម៉ាន់ ប្រឈួន ក៏​ប្រកាស​ខ្លួន​ជា ហ្វា​ន់​ចា​នី គឺ​ព្រះរាជា​នៃ​នគរ​ហ្វូណន ឬ​ប៉ូ​ណន ។ រួច​ព្រះអង្គ​បាន​ចាត់​កម្លាំង​ឲ្យ​ទៅ​ធ្វើឃាត​រជ្ជទាយាទ គិ​ន​ចេង ដើម្បី​កុំ​ឲ្យ​មក​ដណ្តើម​រាជ្យ​ពី​ព្រះរាជ​ពី​ព្រះអង្គ​វិញ ប្រហែលជា​នៅ​ឆ្នាំ​២៣០ នៃ​គ្រិស្តសករាជ ។​
​    ​ព្រះបាទ​ហ្វា​ន់​ម៉ាន់​នៅមាន​ព្រះរាជបុត្រ​មួយអង្គ​ទៀត ដែល​នៅ​ជា​ព្រះ​រាជឱរស​នៅឡើយ ពេល​ព្រះបិតា​សុគត ។ ពេល​ទ្រង់​ចម្រើន​វ័យ​គ្រប់​២០​ព្រះវស្សា  ព្រះអង្គ​ក៏​សម្រេចចិត្ត​ដណ្តើម​រាជ្យសម្បត្តិ​ពី​ព្រះរៀម​ជីដូនមួយ ដែល​បាន​ជ្រែករាជ្យ នឹង​សម្លាប់​ព្រះបិតា​ព្រះអង្គ ។ ព្រះអង្គ​ទ័ព ជ្រើស​រើសយក​ពលទាហាន​សុទ្ធតែ​អ្នក​អង់អាច​ក្លាហាន រួច​ធ្វើឃាត​ព្រះបាទ​ហ្វា​ន់​ចាន់​ទៅ ។ ត្រង់នេះ​គេ​មិនបាន​ដឹងថា តើ​ព្រះអង្គ​ធ្វើឃាត​នៅក្នុង​សង្គ្រាម​តតាំង​ទល់មុខ​គ្នា ឬក៏​នៅក្នុង​ការ​លប​វាយប្រហារ​ស្ងាត់ៗ​ទេ ។ ពេលនោះ មេទ័ព​របស់​ព្រះអង្គ​ហ្វា​ន់​ចាន់ ឈ្មោះ​ស៊ី​យុន ដោយ​យក​លេស​ថា​សងសឹក​ថ្វាយ​ព្រះរាជ បានសម្លាប់​ឃាតករ រួច​ហើយក៏​ប្រការ​ខ្លួន​ជា ហ្វា​ន់​ស៊ី​យុន ជា​ព្រះរាជា​នៃ​នគរ​ហ្វូណន នៅ​ឆ្នាំ​២៥០ នៃ​គ្រិស្តសករាជ ត្រូវ​នឹង​ឆ្នាំ​១៧២​នៃ​មហាសករាជ ។​
​    ​ឯកសារ​ប្រវត្តិសាស្ត្រ​ចិន​រៀបរាប់​អំពី​ព្រះបាទ​ហ្វា​ន់​ស៊ី​យុន​នេះ​ថា ជា​ស្តេច​កសាង​ប្រទេស យកចិត្តទុកដាក់​នឹង​រាជកិច្ច​ខ្លាំងណាស់ ។ ទ្រង់​បើកសវនាការ​ឲ្យ​ប្រជារាស្ត្រ​ចូលគាល់​រាល់ថ្ងៃ នៅពេល​ព្រឹក និង​ថ្ងៃត្រង់ ។ 
​    ​តាមមើលទៅ ព្រះរាជ​ដែល​សោយរាជ្យ​នៅ​នគរ​ហ្វូណន​ទាំងអស់ រួមទាំង​ស្តេច​ជ្រែករាជ្យ​ផង សុទ្ធ​តែមាន​ខ្សែលោហិត​រាជវង្ស​តែមួយ ព្រោះ​យើង​មកដល់​ពាក់កណ្តាល​សត​វត្ស​ទី​៣​ហើយ ហើយ​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​ចិន​បាន​និយាយថា បច្ឆាញាតិ​របស់​ព្រះ​នាង​លីវយី និង​ព្រះបាទ​ហ៊ុនទៀន បាន​គ្រប់គ្រង​រាជសម្បត្តិ នៅ​ហ្វូណន​អស់​រយៈកាល​២​សតវត្ស៍ ។​
​    ​បើសិនជា​ការប្រកាន់​តា​ម​ប្រពៃណី​ខ្មែរ ដែល​លើកឡើងថា មាន​ស្តេច​ចាម​៦​អង្គ​សោយរាជ្យ​មុនគេ នៅ​កម្ពុជា​-​ស្តេច​ទាំងអស់នោះ​មាន ព្រះនាម​ថា យូ​យូ​វរ្ម័ន​ទិ​, កវាល​រាជកុមារ​, សុរិយា​វ​រ័​ន្ម​ទិ​, ទរ​និ​ន្ទ្រា​វ​រ័​ន្ម​ទិ​, អាទិត្យ​វ​រ័​ន្ម​ទិ និង​អក្ស​កៃ​-​ជាកា​ពិត នោះ​មានន័យថា ព្រះរាជា​ទាំងអស់ នោះ​ជា​បច្ឆាញាតិ​របស់​ព្រះ​នាង​លីវយី និង​ជ្វា​ហ៊ុនទៀន​ទាំងអស់ ហើយ​មិនមែនជា​ចាម​ទេ ព្រោះ​នៅពេលនោះ​មិនទាន់មាន​ពួក​ចាម​នៅឡើយ តែ​ជា​ជ្វា ឬ​ម៉ា​ឡេ គឺជា​អម្បូរ​ជន​ដែល​ក្រោយពី​បាន​ត្រូវ​ដេញ​ចេញពី​កម្ពុជា​ទៅ បានគេច​ទៅ​នៅ​ចំប៉ា​សាក់​ខាងជើង​កម្ពុជា ឬក៏​ទៅ​នៅ​ខាងកើត ត្រង់​ដែល​ចិន​ហៅថា លីន​យឺ ដែល​ក្រោយមក​ទើប​ក្លាយទៅជា​ចាម្ប៉ា​នោះឯង ។ ឈ្មោះ ចាម្ប៉ា​នេះ ខ្មែរ​នៅ​ចងចាំ​នៅឡើយ រហូតមកដល់​២ សតវត្សរ៍​មុននេះ ។​
​    ​ឯកសារ​ប្រវត្តិសាស្ត្រ​ចិន​ក៏មាន​រៀបចំ​ជាច្រើន​ដែរ អំពី​ស្រុក​ហ្វូនណ​ន ទោះបីជា​ការរៀបរាប់​នីមួយៗ​មិន​គ្រប់​ជ្រុងជ្រោយ ហើយ​សរសេរ​នៅពេល​ខុសៗ​គ្នា​ក៏ដោយ តែ​យកមក​ផ្គុំ​គ្នា អាច​ឲ្យ​យល់បាន​ខ្លះ​អំពី​ប្រទេស​នោះ នៅ​សតវត្ស​ទី​៣ និង​ទី​៤ ។ ដូចនេះ​វា​មាន​សារៈ សំខាន់​នៅពេលនេះ ដែល​ត្រូវ​អធិប្បាយ​សង្ខេប​អំពី​ឯកសារ​ទាំងនោះ ។ 
​    ​ឯកសារ​នោះ​និយាយថា មុន​ដែល​ស្តេច​ហ៊ុនទៀន​មកដល់ អ្នកស្រុក​ហ្វូណន​ច្រើន​សាក់​ខ្លួន​ដូចដែល​ពួក​ភូមា និង​លាវ នៅ​អនុវត្ត​រហូត ដល់​សព្វថ្ងៃ ។ ការ​សាក់​ខ្លួន​នេះ​ហាក់ដូចជា​គ្មាន​ទៀត​ទេ ពេលដែល​សេ្ត​ច​ហ៊ុនទៀន​មកដល់ តែ​អ្នកស្រុក​នៅ​ដើរ​ស្រាត  មិនទាន់មាន​ស្លៀកពាក់ នៅឡើយ ។ ស្តេច​ហ៊ុនទៀន ដែល​ចេញ​មកពី​ប្រទេសមួយ​មាន​អារ្យធម៌​រួចហើយ ម្យ៉ាងទៀត​ជា​ព្រាហ្មណ៍​ផង ទ្រង់​មិន​សប្បាយ​ចិត្តនឹង​ឃើញ ព្រះរាជា​យា​នៅ​ស្រាត​ដូច្នេះ​ទេ ទ្រង់​ក៏​យក​ក្រណាត់​មួយ​ផ្ទាំង​មក​ស្លៀក​ឲ្យ ដោយ​ចោះ​ប្រហោង​កណ្តាល​សម្រាប់​ច្រក​ព្រះ​កេស ។​
​    ​ក្រោយមក នៅ​ដើម​សតវត្សរ៍​ទី​៣ ស្រីៗ​អ្នកស្រុក​ក៏​ប្រកាន់យក​សម្លៀកបំពាក់​នេះ​រហូត ហើយ​ស្តេច​ហ្វា​ន់​ស៊ី​យុន ក៏បាន​ហាម​មិន​ឲ្យ ប្រុសៗ​ស្រាត​ទៀត​ដែរ ដោយ​ឲ្យ​បិទបាំង​កេរ្តិ៍ខ្មាស​នឹង​ក្រណាត់​ប៉ឹង ដែល​ចិន​ហៅថា កេ​ន​ម៉ាន ហើយ​ពួក​ម៉ា​ឡេ​ហៅថា​កំបាន ។ ពួក​អ្នកមាន គេ​ប្រើ​ក្រណាត់​ប៉ាក់ រីឯ​អ្នកក្រ​ប្រើ​ក្រណាត់​ផាឌិប ។​
​    ​ឯកសារ​ប្រវត្តិសាស្ត្រ​ចិន​ដដែល​និយាយថា អ្នកស្រុក​ហ្វូណន គគ្រិច សម្បុរ​ខ្មៅ ហើយ​មាន​សក់​ក្រ​ញ៉​ញ់ ។ ពួកនេះ​ចូលចិត្ត​ការ​ចារុ៍ និង​ចម្លាក់ ។ ឧបករណ៍​របស់គេ​ជាច្រើន​ធ្វើ​អំពី​ប្រាក់ គេ​បង់ពន្ធ​ជា​មាស​, ប្រាក់ ឬ​ជា​គ្រាប់​គជ់ និង​ទឹកអប់ ។ គេ​មាន​សៀវភៅ និង​កន្លែង សម្រាប់​ទុកដាក់​ឯកសារ និង​សម្ភារៈ​ផ្សេងៗ ។ គេ​មាន​អក្សរ ហើយ​គេ​ចូលចិត្ត​ប្រជល់មាន់ និង​ប្រជល់​ជ្រូក ។​
​    ​អ្នកស្រុក​នេះ​ចូលចិត្ត​អនុវត្ត​ការស្បថ​ស្បែ និង​ការសាកល្បង​ផ្សេងៗ ដូចជា​ឲ្យ​អ្នកជាប់ចោទ​កាន់​ផ្លែ​ពូថៅ​ដែល​ដុត​ឡើង​ក្រហម ហើយ ដើរ​ឲ្យ​បាន​៧​ជំហាន ឬ​ដាក់​ចិញ្ចៀន ឬ​ពងមាន់​នៅក្នុង​ទឹក​ពុះ ហើយ​ឲ្យ​យកដៃ​លូក​ចាប់​យកចេញ​ជាដើម ។ ការអនុវត្តន៍​បែបនេះ នៅមាន​គេ ប្រតិបត្តិ​នៅឡើយ ក្នុងចំណោម​ជនជាតិដើម ។ នៅ​កម្ពុជា​ពេលមុន​បន្តិច ក៏​នៅមាន​អនុវត្តន៍​បែបនេះ​ដែរ ។​
​    ​ឯកសារ​ប្រវត្តិសាស្ត្រ​ចិន​រៀបរាប់​ទៀតថា នៅមាន​វិញ្ញាសារ​មួយទៀត ដែល​គេ​អនុវត្ត​ចំពោះតែ​ម្ចាស់ និង​ខ្ញុំបម្រើ​ប៉ុណ្ណោះ ក្នុងករណី សង្ស័យថា ខ្ញុំ​នោះ​លួច​របស់ : គឺ​ឲ្យ​ខ្ញុំ​នោះ​ស៊ី​ស្រូវ ។ បើ​ខ្ញុំ​នោះបាន​លួច​មែន​ស្រូវ​នឹង​មុត​មាត់​ចេញឈាម ប៉ុន្តែ បើ​មិនបាន​លួច​ទេ គឺអាច​ទំពា ស្រូវ​លេប​ចូល​ពោះ​ដោយ​ស្រួល ។​
​    ​ពេលនោះ​មិនទាន់មាន​គុក​ដាក់​អ្នកទោស​ទេ ។ ជនឧក្រិដ្ឋ​ត្រូវ​បោះ​ឲ្យ​ក្រពើ​ស៊ី ដែល​គេ​ចិញ្ចឹម​នៅក្នុង​ប្រឡាយ​ជុំវិញ​ទីក្រុង ឬ​សត្វ​សាហាវ ដែល​គេ​ចិញ្ចឹម​ដាក់​ក្នុង​ទ្រុង​ពិសេស ។ 
​    ​អ្នកស្រុក​មិន​ជីក​អណ្តូង​យក​ទឹក​ទេ ក៏ប៉ុន្តែ​គេ​មាន​ស្រះ​ទឹក​តាម​ក្រុមគ្រួសារ ហើយ​ប្រើ​ធុង​សម្រាប់​ដងទឹក​យកមកប្រើ កាលណា​គេ​ត្រូវការ ។ 
​    ​គេ​គោរពបូជា​អាទិទេព​ដែល​រស់​នៅលើ​មេឃ ហើយ​សាង​រូបសំណាក​អំពី​សំរិទ្ធ ដែល​ជួនកាល មានមុខ​ពីរ និង​បួន ជួនកាល​ទៀត មានមុខ​បួន និង​ប្រាំបី ។ តាមពិត​អ្នក​ទាំងអស់នេះ  គឺជា​បដិមា​តំណាង​ឲ្យ​អាទិទេព​នៃ​ព្រហ្មញ្ញសាសនា ដែលមាន​ដូច្នេះ​រហូតដល់​សព្វថ្ងៃ​នៅ ឥណ្ឌា និង​មាន​ក្បាល​មិនតិចជាង​ដៃ​ប៉ុន្មាន​ទេ ។ នៅ​កម្ពុជា​គេ​បាន​រកឃើញ​បដិមា​បែបនេះ​ជាច្រើន ដែល​គេ​យកមក​ទុក​នៅ​សារមន្ទីរ​សព្វថ្ងៃ ។​
​    ​ព្រះរាជា​ជិះ​ដំរី កាលណា​ត្រូវ​យាង​ចេញពី​វាំង ។ មហេសី និង​ស្រីស្នំ​ទាំងឡាយ​ក៏​ដូច្នោះ​ដែរ ។ កាលណា​ព្រះអង្គ​ទ្រង់​គង់​ទម្រេត​ព្រះកាយ​បន្តិច បញ្ឈរជង្គង់​ស្តាំ ឯ​ជង្គង់​ឆ្វេង​ទម្លាក់​ដល់​ដី ។ នៅ​ពីមុខ​ព្រះភ័ក្ត្រ​ព្រះអង្គ​គេ​លាត​ក្រណាត់ស រួច​ដាក់​ព្រះរាជ​សង្ហារ ភាជន៍មាស និង​ផើង​ដុត​ឈើ​ក្រអូប ។ 
​    ​ការបូជា​ខ្មោច និង​អាពាហ៍ពិពាហ៍​របស់​អ្នកស្រុក​ហ្វូណន ប្រព្រឹត្តទៅ​ដូច​នៅ​លីន​យី ឬ​ចាម្ប៉ា​ដែរ ។ គេ​កាន់ទុក្ខ​ដោយ​កោរសក់ និង​ពុក មាត់ ។ មាន​វិធី​សម្រាប់​ទុកដាក់​សព : បោះ​សព​ចូលក្នុង​ទឹកទន្លេ​, បូជា​ដោយ​ភ្លើង​, កប់​, និង​ទុកចោល​កណ្តាលវាល​ឲ្យ​សត្វ​ស៊ី ។ នេះ​គឺជា​អ្វី ដែល​ជនកម្ពុជា​ហៅ​រហូតមកដល់​សព្វថ្ងៃ​ថា ការ​បំបែក​ធាតុ​ទាំង​បួន​ ។​

​    ​ចុងក្រោយបង្អស់ ឯកសារ​ចិន​បាន​កត់សម្គាល់ថា អ្នកស្រុក​ហ្វូណន​លោភលន់​ណាស់ ។ គេ​មិន​គោរព​ពិធី ចរិយា​ធម៌​អ្វី​ទេ ។ ទំនៀមទម្លាប់​គ្មាន ហើយ​កុមារី​ក៏​ដូច​កុមារា ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត ។​
​    ​ឯកសារ​ក៏បាន​បញ្ជាក់​ផងដែរ​ថា នគរ​ហ្វូណន ពេលនោះ​ធំ​ណាស់ លាតសន្ធឹង​ពី​នគរ​ចាម្ប៉ា​នៅ​ខាងកើត រ​ហូរ​ដល់​ទ្វារ​វ​តី នៅ​ខាងលិច ប្រទេស​នេះ​គឺ​អយុធ្យា ឬ​សៀម​សព្វថ្ងៃ ពេលនោះ​ប្រហែលជា​គ្រប់គ្រង​ដោយ​ក្រុម​ឧ​ប​និវេសន៍​ហិណ្ឌូ​មួយ​រួចទៅហើយ និង​លាតសន្ធឹង​រហូត ដល់​ព្រំប្រទល់​ខែត្រ​យេណ​នា​ន​របស់​ចិន គឺ​ខែត្រ​ក្វាង​ប៊ិ​ញ​របស់​តុងកឹង​សព្វថ្ងៃ ។ ក៏ប៉ុន្តែ​វា​ហាក់ដូចជា​ពិបាក​នឹង​ជឿ​ណាស់ ដែល​និយាយថា ស្តេច​នៃ​នគរ​ហ្វូណន​ដែលមាន​ទីតាំងនៅ​តំបន់​ចូ​វ​ដុក ឬ​ក្នុង​ខែត្រ​ព្រៃកប្បាស អាច​វាតអំណាច​ទៅបាន​ឆ្ងាយ​ពី​រាជធានី​បែបនេះ ។​
​    ​រឿងព្រេង​ខ្មែរ​ចាប់កំណើត​អស់កាល​ជា​យូ​លង់​ណាស់​មកហើយ ហើយ​បាន​ក្លាយទៅជា​ប្រពៃណី​របស់​ជាតិខ្មែរ​ផងដែរ ។ រឿងព្រេង ទាំងនោះ​មាន​ប្រជាប្រិយភាព​ខ្លាំងណាស់ ហើយ​បាន​ត្រូវ​ប្រជាជន​ខ្មែរ​ជឿជាក់ និង​ចាត់​ទុកដូចជា​ព្រះ​ឱង្ការ​របស់​ព្រះ ដែល​ពួកគេ​ការពារ​យ៉ាង ខ្លាំង ថ្វីបើ​នៅមាន​ការប្រទាំងប្រទើស​គ្នា​ខ្លះ​ក៏ដោយ ។​
​    ​តើ​រឿងព្រេង​ទាំងអស់នោះ​គ្រាន់តែ​ជា​រឿង​ដែល​គេ​ប្រឌិត​ឡើង​តាមតែ​ការស្រមើស្រមៃ គ្មាន​ទាក់ទិន​ទៅនឹង​ហេតុការណ៍​ប្រវត្តិសាស្ត្រ អ្វី​សោះ ឬ​យ៉ាងណា ? មិនមែន​ទេ ។ តាមមើលទៅ រឿងព្រេង​ទាំងអស់នោះ​ហាក់ដូច​ជាមាន​ចំណែក​ខ្លះ​ជា​រឿង​ពិត​តាម​ប្រវត្តិសាស្ត្រ ដែល​គេ យកមក​ប្រឌិត​បំផ្លើស ផ្សំ​ធ្វើ​ឲ្យ​មាន​ភាព​អច្ឆរិយៈ​ខ្លះ ទោះជា​រឿង​ទាំងនោះ​ចាប់កំណើត​ចេញពី​ការនិទាន​តៗ​គ្នា ពី​មាត់​មួយ​ទៅ​មាត់​មួយ រួច​បាន​ត្រូវគេ​ត្រងត្រាប់​ទុក​តែ​រចនាបទ ឬក៏​ជា​ប្រវត្តិ​ពិត​ពី​បុរាណកាល ដែល​បាន​រលុប​ស្ទើរ​បាត់អស់​ទៅហើយ​ក្តី ។​
​    ​ទោះជា​យ៉ាងណាក្តី ថ្វីបើ​គេ​មិនឃើញ​មាន​ចំណារ នៅលើ​សិលាចារឹក ឬក៏​មិនមាន​រៀបរាប់​នៅក្នុង​កំណត់ត្រា​របស់​ប្រវត្តិវិទូ​ចិន ក៏ដោយ ក៏​គេ​មិនអាច​បដិសេធ​មិន​ទទួល​ស្តាប់​រឿងរ៉ាវ​ដែល​គេ​មិន​និទាន​ផ្ទាល់មាត់​តៗ​គ្នា និង​រឿងព្រេង​ដែល​គេ​បាន​សរសេរ​កត់ត្រា​ទុក​មក​ថា ពួក​ចាម​មាន​វត្ត​មាននៅ​កម្ពុ​ជាមុន​ពួក​ឥណ្ឌា ។ គឺ​រឿង​ទាំងអស់នោះ ហើយ​ដែល​ជំរុញ​ឲ្យ​ប្រជាជន​ខ្មែរ​បច្ចុប្បន្ន​ហ៊ាន​កំណត់ នៅពេលដែល​ជួប សិលាចារឹក​មួយ​ថា សិលាចារឹក​នេះ​ជា​របស់​ចាម សិលាចារឹក​នោះ​ជា​របស់​ខ្មែរ ។ គេ​អាចនឹងទទួល​ស្គាល់​បាន​ដូចដែល​គេ​បានឃើញ​ពី​ខាងលើ រួចមកហើយ​ថា ពួក​ចាម​បាន​មកដល់​កម្ពុ​ជាមុន​កម្ពុ​ជៈ ដោយ​គ្មាន​ប៉ះពាល់​អ្វី​ដល់​ប្រវត្តិសាស្ត្រ ដែល​ផ្អែកទៅលើ​កំណត់ត្រា​របស់​ពួក​ចិន ពីព្រោះថា កំណត់ត្រា​ទាំងនោះ មិនមែន​សុទ្ធតែ​រៀបរាប់​ប្រាប់​យើង​ទាំងអស់ អំពី​អ្វីដែល​ចិន​បានដឹង​ពី​ប្រជាជន​ដែល​គេ​លើកឡើង​នោះទេ ។​
​    ​ប៉ុន្តែ​ខ្ញុំ​ជឿថា ការដែល​ចង់​អះអាងថា ប្រវត្តិសាស្ត្រ​ដែល​ទាក់ទង​ទៅនឹង​រឿងព្រេង​ពីរ ដែល​យើង​បានដឹង គឺ​រឿង​ជ្វា​ព្រាហ្មណ៍ និង​រឿង ព្រះថោង​នាងនាគ ដែល​ខ្ញុំ​នឹង​រៀបរាប់​ខាងក្រោម គឺជា​រឿង​ដែល​កើតឡើង​បន្តបន្ទាប់​គ្នា នៅក្នុង​ក្សត្រ​ប្រទេស​តែមួយ គឺ​ព្រះរាជាណាចក្រ​ខ្មែរ ពីព្រោះថា នៅពេលនោះ​មាន​ក្សត្រ​ប្រទេស​ជាច្រើន​ទៀត​ក្រៅពី​ហ្វូណន ។ ខ្ញុំ​គិតថា រឿង​ដែល​កើតមាន​ក្នុង​ក្សត្រ​ប្រទេស​នីមួយៗ ដល់ពេល​យូរ ក្រោយមក ក៏បាន​ក្លាយទៅជា​ប្រវត្តិ​រួម​របស់​ប្រទេស​ទាំងមូល ។ ដោយហេតុនេះ ព្រឹ​ត្ត​ការណ៍​ប្រវត្តិសាស្ត្រ​ដែល​កើតមានឡើង ហើយ​ដែល កប់​បាត់​ទៅតាម​ពេលវេលា មិនចាំបាច់​ត្រូវតែ​ឆ្លើយតប​គ្នា និង​កើតមាន​បន្តបន្ទាប់​គ្នា ដើម្បី​បញ្ជាក់ថា ជាការ​ពិត​នោះទេ ។ 
​    ​រហូតមកដល់​សព្វថ្ងៃ​នេះ មានការ​បញ្ជាក់​ច្បាស់​ហើយ​ថា ហ្វូណន គឺជា​អាណាចក្រ​មួយ​ដែល​រួមផ្សំ​ឡើង​ដោយ​ក្សត្រ​ប្រទេស​ជាច្រើន ដែលមាន​ព្រះរាជា​នៃ​ក្សត្រ​ប្រទេស​តូ​មូ​ជា​អធិរាជ ហើយ​បើ​មិនមែន​ដូច្នេះ តាំងពីដើម​ដំបូង​មក​ទេនោះ ក៏​ចាប់តាំងពី​ពេលដែល​ព្រះបាទ​ហ្វា​ន់​ម៉ាន់ បានធ្វើ​សង្គ្រាម​ដណ្តើម​ទឹកដី​មក​ដែរ ។ 
​    ​ខ្ញុំ​ក៏​ដូច​មាន​ជំនឿ​ច្រើន​ថា គឺ​ពួក​ម៉ា​ឡេ ដែលជា​បុព្វបុរស​របស់​ពួក​ចាម​នៅពេល​ក្រោយមក ដែលជា​ស្ថាបនិក នៃ​បណ្តា​ក្សត្រ ប្រទេស​ទាំងអស់នោះ ។ រាជាណាចក្រ​ចាម ឬ​ចម្ប៉ា​នេះ ស្ថិតនៅ​ពី​ខាងកើត ហើយ​បាន​កើតឡើង យ៉ាងតិចណាស់​ក៏​២​សតវត្សរ៍៍​មុន​កម្ពុជា​ដែរ ពីព្រោះ​គេ​រកឃើញ​សិលាចារឹក​សំ​ស្រឹ្ក​ត ដែលមាន​វ័យ​ចំណាស់​ជាងគេ​ក្នុង​ឥណ្ឌូចិន នៅ​ចាម្ប៉ា​នេះឯង ។ បើតាម​សិលាចារឹក​ទាំង​នោះ ប្រទេស ចម្ប៉ា មាន​អរិយធម៌​ជឿនលឿន​ជា​ហ្វូណន នៅ​សតវត្សរ៍​ទី​៤ ។​
​    ​តាមពិតទៅ​ប្រទេស​ចម្ប៉ា ឬ​លិ​ន​យី ត្រូវបាន​បង្កើតឡើង​នៅ​សតវត្សរ៍​ទី​២ ក្រោយពី​នគរ​ភ្នំ ហើយ​ផ្ទាំង​សិលាចារឹក​វ៉ូ​កាញ់ គឺជា​របស់ ខ្មែរ​ទេ​ ។​

​    ​ស្តីអំពី​ជ្វា​ព្រាហ្មណ៍ លោក​បាន​បន្ថែមទៀតថា 
ប្រសិនបើ​គេ​ទទួលស្គាល់ថា ការ​លុកលុយ​របស់​ពួក​ម៉ា​ឡេ ឬ​ជ្វា ជាការ​លុកលុយ​ពី​ខាងក្រៅ ដែល​កើតមាន មុនគេ​មកលើ​កម្ពុជា​នោះ រឿងរ៉ាវ​ដែល​និទាន​អំពី​ការ​លុកលុយ​របស់​ពួក​ជ្វា​ព្រាហ្មណ៍ គឺជា​រឿង​មួយ​ក្នុង​បណ្តា​រឿង​ទាំងនោះ ។ រឿងនេះ​រៀប រាប់​អំពី​ការ​លុកលុយ​របស់​ស្តេច ហ៊ុន ទៀន ដែល​យាង​មកពី​ទិស​ខាងត្បូង ដូចដែល​បាន​លើក​នៅ​ខាងលើ ។ ទោះជា​យ៉ាងណាក៏ដោយ ពួក​ជ្វា ព្រាហ្មណ៍ ឬ​ព្រាហ្មណ៍ នៅ​កោះ​ជ្វា​ទាំងនោះ ធ្វើដំណើរ​ចេញមក​ពី​ប្រជុំ​កោះ​អាំង​ស៊ូ​ឡាំង ។ ពួក​នោះ​ប្រហែលជា​បច្ឆាញាតិ​របស់​ពួក​ព្រាហ្មណ៍ ប្រមាណ​ជា​២​ម៉ឺន​គ្រួសារ ដែល​បានធ្វើ​និ​រ​ប្រវេសន៍​ចេញពី​ប្រទេស​ឥណ្ឌា នៅ​ដើម​មហាសករាជ មក​តាំងទី​លំនៅ​លើ​កោះ​ជា្វ ហើយ​ផ្សព្វផ្សាយ ព្រហ្ម​ញ្ញា​សាសនា​របស់​ប្រជាជន​ដើម​នៅ​ទីនោះ ។ 
​    ​រឿងនិទាន​រៀបរាប់ថា ក្រៅពី​ប្រជាជន ឬ​ពួក​ពលទាហាន និង​ពួក​សំពៅ ពួក​ព្រាហ្មណ៍​ដែលជា​មេ​គេ​ទាំងនោះ មាន​សក់វែង មាន សម្បុរ​ខ្មៅ ហើយ​បាន​អះអាងថា ពួកគេ​មកពី​នគរ​ពារាណសី ។ រឿងនិទាន​ក៏បាន​រៀបរាប់​ផងដែរ​ថា នគរ​ដែល​ពួក​ជ្វា​ព្រាហ្មណ៍​ទាំងនោះ បាន​បង្កើតឡើង​គឺ​នគរ​គោកធ្លក គឺ​ស្រុក​ខ្មែរ​នេះឯង និង​ថា មាន​ព្រះមហាក្សត្រ​ចាម​៦​ព្រះអង្គ​សោយរាជ្យ​បន្តបន្ទាប់​គ្នា ព្រះមហាក្សត្រ​ទាំងនោះ ជា​បច្ឆាញាតិ​របស់​ព្រះ​នាង​លីវយី និង​ព្រះបាទ​ហ៊ុនទៀន ដែលជា​ជ្វា ចំណុច​នេះ​ខុស ព្រោះថា​ហ៊ុនទៀន ឬ កៅ​ណ្ឌិ​ត្យ ( គឺជា​ជនជាតិ​ឥណ្ឌា មក នគរ​ភ្នំ តាមរយៈ​កោះ​ជ្វា ឬ Java ) ។​
​    ​ស្តេច​ជ័យ​វ​រ័​ន្ម សោយរាជ្យ​៥០​ឆ្នាំ ។ តាម​រឿងនិទាន ព្រះអង្គ​គោរពបូជា​ព្រះ​វិស្ណុ ហើយ​ទ្រង់​សោយ​ទិវង្គត​ទៅ ក្នុង​ព្រះ​ជន្មាយុ​៧០​ឆ្នាំ ។​
​    ​រាជបុត្រ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ព្រះនាម កវលៈ​រាជកុមារ បាន​សោយរាជ្យ​បន្ត​ពី​ព្រះបិតា ហើយ​គោរពបូជា​ថ្ម​ស្វ័យ​ម្ភុ ដែល​មានន័យថា កើតមានឡើង​ដោយ​ឯងៗ ។ ព្រះរាជា​អង្គ​នេះ សោយរាជ្យ​បាន​២០​ឆ្នាំ ។​
​    ​ព្រះរាជា​ចាម​ទី​៣ ទ្រង់​ព្រះនាម​ថា សុរិយា​វរ្ម័ន ទ្រង់​គ្រងរាជ្យ​បាន​២០​ឆ្នាំ​ដែរ និង​គោរពបូជា​ថ្ម​ស្វ័យ​ម្ភុ​ដូចគ្នា ។​
​    ​ព្រះរាជា​ទី​៤ ទ្រង់​ព្រះនាម​ថា ធរ​និ​ន្ទ្រៈ​វរ្ម័ន ។ ទ្រង់​សោយរាជ​បាន​២០​ឆ្នាំ ។​
​    ​ព្រះរាជា​ទី​៥ គឺ​ព្រះបាទ​អាទិត្យ​វរ្ម័ន សោយរាជ្យ​បាន​២០​ឆ្នាំ ។​
​    ​ព្រះរាជា​ទី​៦  និង​ចុងក្រោយ​គេ គឺ​ព្រះបាទ​អស​ជ្ជ័​យ ដែល​សោយរាជ្យ​បានតែ​១១​ឆ្នាំ​ប៉ុណ្ណោះ ។​
​    ​ពាក់ព័ន្ធ​ទៅនឹង​រឿង​ព្រះថោង និង នាងនាគ លោក​បាន​អធិប្បាយ​ថា : តាមមើលទៅ រឿង​របស់​ពួក​ហិណ្ឌូ ស្តីអំពី​ព្រះថោង ក៏ដូចជា រឿង​ជ្វា​ព្រាហ្មណ៍​ដែរ គឺ​មិនមែន​ជាការ​ប្រឌិត​សុទ្ធសាធ​នោះទេ ។ បើ​កុំ​គិត​អំពី​ភាព​អស្ចារ្យ​ដែល​គេ​បន្ថែម​ឲ្យ រឿងនេះ​ហាក់ដូចជា​រំលឹក​នូវ ហេតុការណ៍​ប្រវត្តិសាស្ត្រ​មួយ នោះ​គឺ​ការឈ្លានពាន​របស់​ពួក​ហិណ្ឌូ ដែល​បានមក​វាយយក​ជ័យជំនះ រួច​បណ្តេញ​ពួក​ចាម​ចេញពី​នគរ​គោកធ្លក ។​
​ដំណើររឿង​ត្រួសៗ មាន​ដូចតទៅ : មាន​ស្តេច​មួយ​ព្រះអង្គ​សោយរាជ្យ​នៅ​នគរ​ឥន្ទ្រ​ប្រទេស មាន​ព្រះរាជ​បុត្រា​៥​អង្គ ។ ព្រះអង្គ​បាន​បែងចែក ខែត្រ​ខ័​ណ្ឌ​៤​ចំណែក​ឲ្យ​ព្រះរាជ​បុត្រា​ច្បង​ទាំង​បួន​គ្រប់គ្រង ឯ​ព្រះរាជ​បុត្រា​ពៅ​នៅ​ជាមួយ​ព្រះអង្គ ។ ធ្វើ​យ៉ាងនេះ​បានសេចក្តីថា ព្រះអនុជ​ពៅ នេះ​ជា​អធិរាជ​លើ​ព្រះរៀម​ទាំង​៤​ព្រះអង្គ ។ ព្រះរៀម​៣​ព្រះអង្គ​យល់ព្រម​ទទួលយក​ស្ថានភាព​បែបនេះ ប៉ុន្តែ​ព្រះរៀម​ទី​៤ ព្រះនាម​ថា ព្រះថោង មិន​យល់ព្រម​ទេ ហើយ​ទ្រង់​មិន​ព្រម​មកកាន់​ឥន្ទ្រ​ប្រទេស​ចូលរួម​ក្នុង​ពិធី​អភិសេកព្រះ​អនុជ​ឡើយ ។ ដំបូង​ឡើយ ព្រះ​វ​រាជបិតា​ប្រុង​នឹង​បញ្ជូន ព្រះរាជ​បុត្រា​ទាំង​បួន​អង្គ​ទៀត ឲ្យ​លើកទ័ព​មក​ច្បាំង​នឹង​ព្រះថោង ដែល​ទ្រង់​ចាត់ទុកថា បាន​បះបោរ​ប្រឆាំង ។ ក៏ប៉ុន្តែ ដោយ​ព្រះថោង មាន ការ​គាំពារ​ច្រើន​ពី​ប្រជាជន ព្រះអង្គ​ក៏​ប្រែ​ព្រះទ័យ គ្រាន់តែ​សម្រេច​បណ្តេញ​ព្រះថោង ព្រមទាំង​បរិវារ​ទាំងអស់​ចេញពី​ព្រះ​នគរ​ប៉ុណ្ណោះ ហើយ ទ្រង់​ឲ្យ​នាំយក​ប្រជាជន​ពី​ខេ​ត្រ​ខ័​ណ្ឌ​៤​ទៀត មក​រស់នៅ​បំពេញ​វិញ ។ ព្រះថោង ដែល​ត្រូវបាន​គេ​ចាត់ទុកថា កាន់សាសនា ក៏​ដឹកនាំ​ប្រជារាស្ត្រ របស់​ព្រះអង្គ​ចាក​ចេញពី​ប្រទេស មក​តាំងនៅ​ទឹកដី​នគរ​គោកធ្លក​ដែលមាន​ពួក​ចាម​រស់​នៅមុន​រួចទៅហើយ ។ ការរស់នៅ​លើទឹក​ដីគោក​ធ្លក មិនបាន​ស្រួល​ទេ ដោយ​ចេះតែមាន​ទំនាស់​រវាង​ពួក​ចាម​ម្ចាស់​ស្រុក ជាមួយ​ប្រជារាស្ត្រ​ព្រះថោង ក៏​ក្លាយទៅជា​ជម្លោះ​ប្រយុទ្ធ​គ្នា​ស្លា​ប់រស់ ។ ពេលនោះ ប្រហែលជា​ដោយសារ​មាន​ជំនួយ​ពី​ជនជាតិដើម​ផង ព្រះថោង ក៏​វាយ​បណ្តេញ​ពួក​ចាម​បង្ខំ​ឲ្យ​ពួកនេះ​ចាកចេញ​ពី​ចំប៉ា​សាក់​ទៅ ។ ព្រះអង្គ​ក៏​ឡើង​គ្រង​រាជ​ជា​ព្រះរាជា រួច​បាន​អភិសេក​បុត្រី​របស់​ស្តេច​នាគ ជា​អគ្គមហេសី ។ ពាក្យ​ថា នាគ​ នេះ​ប្រហែល​សំដៅយក​អ្នកស្រុក ដើម គឺ​ពួក​ខ្មែរ​នេះឯង ។ ព្រះថោង មិន​គ្រាន់តែ​គ្រប់គ្រង​លើទឹក​ដី​ក្រុម​ឧ​ប​និវេសន៍​ជ្វា​ហិណ្ឌូ ដែល​ព្រះអង្គ​ដណ្តើមបាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​គ្រប់ គ្រង​លើទឹក​ដី​ដែល​ស្ថិតក្រោម​អំណាច​របស់​ព្រះបិតា​ក្មេក​ព្រះអង្គ​ផងដែរ ។ ហេតុការណ៍​នេះ ជា​ភស្តុតាង​បញ្ជាក់​អំពី​ឃ្លា​នៃ​រឿងនិទាន​ដំបូងៗ ដែល​និយាយថា ព្រះថោង​ជា​ព្រះរាជា​ទីមួយ​របស់​ពួក​ខ្មែរ បានសេចក្តីថា ពួក​ជនជាតិដើម ដែល​បាន​រួបរួម​ជាមួយ​ពួក​ហិណ្ឌូ​
 ។​
​    ​ស្តីពី​ពាក្យ​កម្ពុ លោក​អ៉ា​ដឺ​ហរ​ឡឺ​ក្លែ​រ ក៏បាន​ធ្វើ​សេចក្តី​កត់ត្រា​ដូចខាងក្រោម​នេះ :
​    ​ក្រៅពី​រឿងនិទាន​ទាំងពីរ​ខាងលើនេះ ដែល​គេ​និយាយ​តៗ​គ្នា​ពី​មាត់​មួយ​រហូតមកដល់​យើង​សព្វថ្ងៃ ប្លែកៗ​ពីគ្នា​ខ្លះ ក៏ប៉ុន្តែ រក្សាបាន​នូវ រចនាបទ​ដើម ហើយ​ដែល​គ្មាន​សិលាចារឹក​ណាមួយ​បានលើកឡើង​សោះ ។ 

​    ​នៅមាន​រឿងព្រេង​មួយទៀត​ស្តីអំពី​ទេវ​បុព្វបុរស​របស់​ប្រជាជន​កម្ពុជា ហើយ​ដែល​សិលាចារឹក​មួយ បានលើកឡើង​ដែរ ។ បុព្វបុរស នោះ អាច​ចាត់ទុកបាន​ថា ជា​មនុ​របស់​ឥណ្ឌូចិន ទ្រង់មាន​ព្រះនាម​ថា​កម្ពុ ហើយ​ជា​ជីទួត​ជីលួត​របស់​រាល់​ព្រះរាជា​វ​រ័​ន្ម​ក្រោយៗ​មក ។ ព្រះអង្គ បង្ហាញ​រូបរាង​ឡើង​ក្នុងឋានៈ​ជា​ទេវ​កថា​មួយ​របស់​ជាតិ ។​
​    ​តាម​កំណត់សម្គាល់​មួយ​នៅ​ទំព័រ​ខាងលើ គេ​បាន​ឃើញថា ពាក្យ​សំស្ក្រឹត កម្ពុ មានន័យថា ចោរ​, ចោរ​សមុទ្រ   ដែល​លោក ហ្សេ​រី​នី បាន​បក​តម្រូវ​នឹង​ពាក្យ​ក្រិច លេ​ស្តៃ ដែល​ផែនដី​របស់ ផ្តូ​លេ​មេ ប្រើ​សម្រាប់​សម្គាល់​ប្រជាជន​ដែល​រស់នៅ​កូសាំងស៊ីន និង​កម្ពុជា ។ ក្នុងករណីនេះ ពាក្យ លេ​ស្តៃ គ្រាន់តែ​ជា​ពាក្យ​បកប្រែ​ប៉ុណ្ណោះ មិនមែនជា​ពាក្យ​សរសេរ​តាម​ឈ្មោះ​ដើម​របស់​ប្រជាជន​ដែល​រស់នៅ ទីនោះ​ទេ ។ ខ្ញុំ​គ្មាន​ជឿថា ការដែល​មានរឿង​ប្រហាក់ប្រហែលគ្នា​នេះ វា​មាន​មូលដ្ឋាន​ច្បាស់លាស់​នោះទេ ក៏ប៉ុន្តែ​ការដែល​ទេវ​បុព្វបុរស​របស់ ប្រជាជន​កម្ពុជា មានឈ្មោះ​ដូច​ពាក្យ​ដែលមាន​ប្រើ​នៅលើ​ផែនទី​ក្រិច ជា​កត្តា​គ្រប់គ្រាន់​សម្រាប់​គាំទ្រ​មតិ​របស់លោក ហ្សេ​រី​នី ស្តីអំពី​បុព្វបុរស របស់​ប្រជាជន​ដែល​យើង​កំពុងធ្វើការ​សិក្សា​នេះ ។​

​    ​ជា​អវសាន លោក​ក៏បាន​បញ្ជាក់​ផង​ដែលថា ថ្វីបើ​មានរឿង​ព្រេង​ដែល​បាន​ក្លាយទៅជា​ប្រពៃណី​របស់​ប្រជាជន​កម្ពុជា​ទៅហើយ ហើយ​បើទោះជា​រឿងព្រេង​ទាំងនោះ មាន​មូលដ្ឋាន​ផ្អែកទៅលើ​ប្រវត្តិសាស្ត្រ​ខ្លះ​ក៏ដោយ ក៏​គេ​មិន​អាចយ​ករឿង​ទាំងអស់នោះ​ជា​គោល ដើម្បី​សរសេរ​ប្រវត្តិសាស្ត្រ​នៃ​សម័យកាល​នេះ បាន​ទាំងស្រុង​ដែរ ។ 

​    ​ក៏ប៉ុន្តែ ជា​សំណាងល្អ​សម្រាប់​សតវត្សរ៍​ទី​៥ ដែល​យើង​នៅមាន​ប្រភពព័ត៌មាន​ច្បាស់លាស់​ផ្សេងទៀត គឺ​ដំបូង​មាន​សិលាចារឹក និង បន្ទាប់មកទៀត​មាន​ឯកសារ​ប្រវត្តិសាស្ត្រ​ចិន ដែល​យើង​បាន​ប្រើប្រាស់​ជាច្រើន​ណាស់​មកហើយ សម្រាប់​សតវត្សរ៍​មុនៗ  

​    ​មក​ត្រឹមនេះ រឿងរ៉ាវ​ដែល​យើង​បានដឹង​អំពី​ព្រាហ្មណ៍​ឈ្មោះ កោ​ណ្ខ​ញ្ញៈ ឬក៏​ព្រាហ្មណ៍​ត្រកូល​កោ​ណ្ឌ​ញ្ញៈ ដែល​ធ្វើដំណើរ​ចេញពី ប្រទេស​ឥណ្ឌា មក​សោយរាជ្យ​នៅ​ប្រទេស​កម្ពុជា មាន​ព្រះនាម​ថា ជ័យវរ្ម័ន មិន​ប្រាកដថា​សុទ្ធតែជា​រឿងព្រេង​ទាំងអស់​នោះទេ ។​
​    ​តាមមើលទៅ វា​ហាក់ដូចជា​មានការ​លុកលុយ​របស់​ពួក​ហិណ្ឌូ ប្រហែលជា​ពាក់កណ្តាល​សតវត្សរ៍​ទី​៥ នៃ​គ្រិស្តសករាជ ។ ពួក​នោះ ចេញ​មកពី​ប្រទេស​ឥណ្ឌា​ភាគខាងត្បូង គឺ​ចេញពី​តំបន់​ដេក​ង់ ធ្វើដំណើរ​កាត់ រាជាណាចក្រ​ប៉ាន​ប៉ាន នៅ​ខាងជើង​ទៀបកោះ​ម៉ា​ឡា​កា មកកាន់ កម្ពុជា ។ មេ​កាយ​របស់​ពួក​នោះ ឈ្មោះ កោ​ណ្ឌ​ញ្ញៈ បាន​ត្រូវ​ប្រកាស​លើក​ជា​ស្តេច​នៃ​នគរ​ប​ល្វ​វៈ នៅ​ឥណ្ឌា និង​ស្តេច​ចាម នៅតាម​មាត់សមុទ្រ ខាងកើត​នៃ​ឥណ្ឌូចិន តែងតែ​ប្រកាន់យក​រួចមកហើយ ។ 

​    ​ខាងលើនេះ គឺជា​ទស្សនៈទាន​របស់​លោក ឡឺ​ក្លែ​រ ដែល​បាន​ធ្វើឡើង​កាលពី ១០០​ឆ្នាំមុន ដោយ​ផ្អែកលើ​ការវិភាគ​ទិន្នន័យ​បែប​គុណ​វិស័យ ឬ​ការសាកសួរ​ផ្ទាល់មាត់​ច្រើនជាង​ការវិភាគ​ឯកសារ​ប្រវត្តិសាស្ត្រ និង​បុរាណវិទ្យា​។ ដូច្នេះ​គប្បី​ត្រូវ​ពិនិត្យ​ទិន្នន័យ​ទាំងនោះ​ឡើងវិញ ដោយ​យោងតាម​របកគំហើញ​ថ្មី​ខាង​វិទ្យាសាស្ត្រ​។​
​    ​ជា​សង្ខេប យើង​អាច​កត់សម្គាល់ថា ការមិន​វិភាគ​ល្អិតល្អន់ ហើយ​យក​ទស្សនៈ​របស់​អ្នកនិពន្ធ​ខាងលើនេះ​ថា ជា​ព្រះគម្ពីរ​វេទ​នោះ នាំ​ឲ្យ​មានការ​ខុសឆ្គង​ក្នុងការ​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ និង​ប្រភព​នៃ​ជនជាតិខ្មែរ​។ បើ​យើង​យោងតាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មីៗ​នេះ យើង​នឹង​ឃើញ​មាន​ហេតុផល​ជា​វិជ្ជមាន​មួយចំនួន​ដែលមាន​ដូចខាងក្រោម​។​
​    ​មតិ​មួយទៀត​ដែលថា ព្រះ​នាង​លីវយី គឺជា​ក្ស​ត្រី​យ៍​ខ្មែរ​ទីមួយ មុន​ហ៊ុនទៀន ឬ​កៅ​ណ្ឌិ​ន្យ គឺជា​មតិ​មិន​សមស្រប​ទៅ​នឹ​បរិបទ​សង្គម​វប្បធម៌​មុន​ឥណ្ឌូ​រូបនីយកម្ម ដែល​ប្រជាជន​ខ្មែរ​រស់​ជា​សហគមន៍ ឬ​កល​សម្ព័ន្ធ​តូច​-​ធំ ក្រោម​ការទទួលខុសត្រូវ​ពី​មេកន្ទ្រាញ​។ ការជឿ​ដូច្នោះ​បណ្តាលមកពី​គេ​ភ្លេច​ថា របបរាជានិយម ឬ​រាជាធិបតេយ្យ​ខ្មែរ មាន​ប្រភព​ចេញពី​ប្រទេស​ឥណ្ឌា​។ ដោយសារ​ការមិន​ដែល​ឃើញ គិត​មិន​យល់​រក​ហេតុផល​មិនត្រូវ ហើយ​មិន​យល់ថា អ្វី​ជាម​រតក​វប្បធម៌​ឥណ្ឌា ក៏​នាំ​ឲ្យ​គិត​ខុស​ដូច្នោះ​។​
​    ​មតិ​មួយទៀត​ដែលថា ប្រទេស​ខ្មែរ​ត្រូវបាន​ត្រួតត្រា​ដោយ​ស្តេច​ចាម​ជាច្រើន​អង្គ មុន​វត្តមាន​របស់​ស​ន្ត​តិ​វង្ស​កៅ​ណ្ឌិ​ន ឬ​វរ្ម័ន មតិ​នេះ​ក៏​គ្មាន​មូលដ្ឋាន​អ្វី​ច្បាស់លាស់​ដែរ​។ ចំពោះ​វត្តមាន​របស់​ស្តេច​ចាម យើង​មិនដែល​ឃើញ​មាន​ក្នុង​កំណត់ហេតុ​ចិន និង​សិលាចារឹក​ម្តងណា​សោះ គ្រាន់តែ​ឃើញ​ក្នុង​រឿងព្រេង​និទាន​តែប៉ុណ្ណោះ​។ ចំពោះ​យើង បើ​គេ​ជឿ​លើ​អ្វីដែល​គេ​ជឿ​លើ​អ្វីដែល​គេ​មិនអាច​ផ្ទៀងផ្ទាត់ ឬ​មើលឃើញ ពោលគឺ​ជឿ​ស្មានៗ គឺ​មិន​សម​ហេតុផល​ឡើយ​។​
​    ​សូម​កុំភ្លេចថា ពាក្យ​ចម្ប៉ា​សាក មិនមែនជា​ទឹកដី​របស់​នគរ​នៃ​ជនជាតិ​ចាម ដែល​រួម​ឈាមជ័រ​ខាង​ជាតិ​ពិ​ន្ធុ​វិទ្យា​ជាមួយ​ទាំង​ជនជាតិ​ម៉ា​ឡេ​នៅ​ម៉ាឡេស៊ី ទាំង​ជនជាតិ​ជ្វា​នៅ​កោះ​ជា ឬ​ហ្សា​វ៉ា​នោះទេ​។ ទន្ទឹមនឹងនេះ យើង​ក៏ត្រូវ​ទទួលស្គាល់​ពាក្យ​ចម្ប៉ា​សាក គឺជា​ពាក្យ​ផ្សំ​គឺ ពាក្យ​ចម្ប៉ា​មកពី​ស័ព្ទ​សំស្ក្រឹត និង​ស័ព្ទ​សាក ដែលជា​ពាក្យ​បំ​ព្រួញ​នៃ​ពាក្យ​បាសាក ដែល​សំដៅ​ដង​ទន្លេបាសាក​។​
​    ​មែនពិត ក្នុង​រឿងព្រេង​និទាន​ខ្មែរ និង​លាវ ច្រើន​និយាយ​ទាក់ទង​នឹង​ចម្ប៉ា​សាក់ និង ចាម ដែល​ពិបាក​នឹង​ជឿថា ជាការ​ពិត ដូច​ក្បាល​ចាម ក្បាល​ស្តេច​ចាម និង​សិល្បៈ​ចាម​ជាដើម ហើយ​ជា​អ្វីមួយ​ដែល​អ្នកនិពន្ធ​បរទេស​ធ្វើតាម​តៗ​គ្នា​។ បើ​ពួកគេ​ធ្វើតាម​ការជឿ​របស់​អ្នកស្រុក​អីចឹង ក៏​គួរ​ងាក​បែរ​ស្រាវជ្រាវ​រាវរក​ទិន្នន័យ​ខាង​បុរាណវិទ្យា​ផងដែរ​។​
​    ​សរុបសេចក្តី​មក គេ​គួរ​បដិសេធ​ចំពោះ​មតិ​ដែល​ទើបតែ​លើកឡើង​ខាងលើនេះ កាលបើ​គេ​គិត​ឲ្យ​ល្អិតល្អន់​។ ព្រោះថា រហូតដល់​សព្វថ្ងៃ គេ​ពុំមែន​ជួបប្រទះ​នូវ​ព័ត៌មាន​ណាមួយ​យ៉ាង​ប្រាកដប្រជា​ទាក់ទិន​ទៅនឹង​ស្លាកស្នាម​វប្បធម៌​របស់​ជនជាតិ​ចម្ប៉ា​ក្នុងប្រទេស​លាវ ឬ​ខ្មែរ​នោះទេ​។ បើ​និយាយ​ម្យ៉ាងទៀត យើង​អាច​ស្រប​មតិ​និង​រឿងព្រេង​និទាន​ទាំង​នោះបាន ឬ​អាច​សន្និដ្ឋានថា​យ៉ាងនោះ​មែន លុះត្រាតែ​បាន​ជួបប្រទះ​នូវ​តឹកតាង​ដ៏​រឹង​ណាមួយ​។​
​    ​ខាងលើនេះ គឺជា​បញ្ហា​ពាក់ព័ន្ធ​ទៅនឹង​ប្រភព​នៃ​ពាក្យ​ចម្ប៉ា​សាក និង​ចម្ប៉ា ដែលមាន​ប្រភព​ចេញពី​ឥណ្ឌា​។ អ្វីដែល​គួរ​កត់ត្រា​នៅទីនេះ គឺ​ក្នុងសម័យ​ខ្មែ​រនាស​.​វ​ទី​១៩ ពាក្យ​ជ្វា​ព្រាហ្មណ៍​មានន័យថា ព្រាហ្មណ៍​ឥណ្ឌា ដែល​មកពី​កោះ​ជ្វា ឬ​ស៊ូ​មាត្រា (​ម៉ាឡេស៊ី​) ពោលគឺ មិនមែន​សំដៅទៅ​តែ​ពួក​ជ្វា ដែល​កាន់សាសនា​ព្រាហ្មណ៍​នោះទេ​។ យ៉ាងណាមិញ ដូច​លោក ឡឺ​ក្លែ​រ ពាក្យ​ចម្ប៉ា ឬ​ចាម ដែល​ស្ថិតនៅ​ខាងកើត​នៃ​ពួក​ខ្មែរ ឬ​កម្ពុ​ជៈ គឺជា​ពួក​អ្នក​ផ្សងព្រេង ឬ​ចោរ​សមុទ្រ (​ពួកគេ​) បានធ្វើ​ដំណើរ​ចេញពី​កោះធំៗ ដែលមាន​ឈ្មោះ​សព្វថ្ងៃ​ថា ស៊ូ​មាត្រា កោះ​ជ្វា និង​ប្រហែលជា​ចេញពី​កោះ​តូច​ក្បែរៗ​នោះ​ផងដែរ​។ ពួកនេះ​មក​តាំងទី​នៅ​មាត់សមុទ្រ រួចហើយ​បាន​ដណ្តើម​ទឹកដី​សមុទ្រ ត្រង់​កន្លែង កូសាំងស៊ីន និង​អាណ្ណា​ម​សព្វថ្ងៃ​ទាំងស្រុង ឬមួយ​ចំណែក (​អតីត​ទឹកដី​នគរ​ភ្នំ​) មុន​ពួក​ហិណ្ឌូ​មកដល់​។ បន្ទាប់មក អាស្រ័យ​ដោយ​ចំណង​ម​ត្រី​ភាពជា​មួយ​អ្នកស្រុក ដែល​រស់​នៅតាម​មាត់សមុទ្រ​នេះ ក៏​សម្រេច​បង្កើតបានជា​ជាតិ​មួយ​នៅ​រវាង​ស​.​វ​ទី ២ មុន​គ​.​ស ដែល​ពួក​ចិន​ហៅថា នគរ​លិ​ន​យី ហើយ​ដែល​ក្រោយមក មាន​ឈ្មោះថា ចម្ប៉ា​។​

​    ​ចំណុច​ជា​អវិជ្ជមាន​មួយទៀត ដែល​យើង​ត្រូវ​ជ្រាប ការផ្សព្វផ្សាយ​វប្បធម៌​ឥណ្ឌា ជាពិសេស​វិស័យ សាសនា មិនមែន​ត្រូវបាន​អនុវត្ត​ឡើង​ក្នុងសង្គម​ខ្មែរ ដោយ​ការធ្វើ​សង្គ្រាម​វាត​ទឹកដី​នោះទេ ក៏ប៉ុន្តែ​ត្រូវបាន​ធ្វើឡើង​ដោយ​សន្តិវិធី​តាមរយៈ ការធ្វើ​ជំនួញ​ជួញប្រែ​ដែលមាន​លក្ខណៈ​ជា​អន្តរជាតិ​។ ចម្បាំង​រវាង​ព្រះ​នាង​លីវយី និង​ហ៊ុនទៀន គឺជា​មួយ​ដែលមាន​លក្ខណៈ​ជា​ទេវ​កថា​វិទ្យា​តែប៉ុណ្ណោះ ដូច​ករណី​ការប្រណាំង​កសាង​ភ្នំ ឬ​ប្រាសាទ​ដោយ​បុរស និង ស្ត្រី​ដែរ ដែល​គេ​រមែងតែ​ជួបប្រទះ​ក្នុង​រឿងព្រេង​បុរាណ​ខ្មែរ​។​
​    ​ជា​អវសាន ចំពោះ​យើង បញ្ហា​មហស្ចារ្យ​នៃ​ស្តេច​ចាម ដែល​ជនជាតិខ្មែរ​បាន​ចងចាំ​នោះ ដែលជា​រឿង​ហួស​និ​ស័​យ​ក៏​មែនពិត ព្រោះ​ពុំមែន​ភស្តុតាង​ច្បាស់លាស់​ណាមួយ​បញ្ជាក់​ពី​ភាពត្រឹមត្រូវ ក៏ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ គឺ​វា​ប្រហែលជា​ព័ត៌មាន​ជា​ប្រយោល​មួយ ខាង​ប្រវត្តិសាស្ត្រ ដែល​បង្ហាញ​នូវ​ទំនាក់ទំនង​វប្បធម៌​ដ៏​យូរលង់​នា​សម័យ​បុរេប្រវត្តិសាស្ត្រ​រវាង​នគរ​ភ្នំ និង​ជ្រោយ​មល​យូ និង​កោះ​ជ្វា​តែប៉ុណ្ណោះ​។​
​    ​បន្ថែម​ពី​នោះ​ទៀត គួរ​កត់សម្គាល់ថា ព័ត៌មាន​ជា​វិជ្ជមាន ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​ជាសំខាន់​ទៅលើ​បញ្ហា​ចម្បងៗ​មួយចំនួនទៀត​គឺ ប្រភព​នៃ​ប្រជាជន​ខ្មែរ និង​សម្ព័ន្ធភាព​ខាង​ជាតិ​ពិ​ន្ធុ​វិទ្យា​រវាង​ជនជាតិខ្មែរ​និង​មន​នៅ​ប្រទេស​ភូមា​បច្ចុប្បន្ន​។ ការខិតខំ​ស្រាវជ្រាវ​របស់​របស់លោក ឡឺ ក្លែ​រ បានផ្តល់​នូវ​អត្ថប្រយោជន៍ ហើយ​លោក​បាន​ចូលរួម​វិភាគទាន​ជា​វិជ្ជមាន​ដល់​ការទម្លាយ​អាថ៌កំបាំង​ពាក់ព័ន្ធ​ទៅនឹង​ដើមកំណើត​នៃ​ជាតិ​សាសន៍​ខ្មែរ​មុនគេ​មុន​ឯង​។​
​    ​ក្រោយពី​បាន​សិក្សា​ប្រព័ន្ធ​នៃ​ការរាប់​ចំនួន​ខ្មែរ លោក​អា​ដឺ​ម៉ារ ឡឺ​ក្លែ​រ បាន​សន្និដ្ឋានថា ជនជាតិខ្មែរ និង​ព្នង គឺ​ក្នុង​អម្បូរ​មនុស្ស​ខាង​ជាតិ​ព​ន្ទុ គឺ​អម្បូរ​មន ខ្មែរ ឬ​អូ​ស្ត្រូ អាស៊ី​អា​តិច ។ ក្នុង​អត្ថបទ​មួយ (Cf. La numeration chez les Khmers ou Cambodgiens, Societe d'Ethnographie de Paris, No 1, 15 oct, 1914) ។ លោក​បាន​បញ្ជាក់ថា :  ពួក​ខ្មែរ គឺជា​សាសន៍​មួយ​មាន​ខ្សែស្រឡាយ​ជាមួយ​កុលសម្ព័ន្ធ​ព្រៃភ្នំ ហើយ​ជា​រដ្ឋវាសី ហើយ​រស់នៅ​ទឹកដី (​កំណើត​) របស់ខ្លួន​តាំងតែ​សម័យ​បុរេប្រវត្តិសាស្ត្រ​ម្ល៉េះ​
 ។ ចំណែក​ពួក​មន​ដែល​បាន​បង្កើត​អាណាចក្រ​ទ្វារ​វ​តី ពួកគេ​បាន​បែក​ចេញពី​ខ្មែរ ដែល បាន​បង្កើត​រដ្ឋ​នគរ​ភ្នំ ក្រោយពី​ការបែកបាក់​នៃ​រដ្ឋ​នេះ​នៅ​សតវត្ស​ទី​៦ ។ នេះ​បើ​សំអាង​លើ​ការសន្និដ្ឋាន​របស់លោក ណៃ ប៉ា​ហ្លា ក្នុង​អត្ថបទ សរសេរ​នៅ​ឆ្នាំ​១៨៧២​មួយ (Cf. Nai Pan Hla, The Khmer Bronze figurines in Burma, in The Guardian, Jan 25, Rangoon, 1972) ។​
​    ​សូមជម្រាបថា ទស្សនៈ​ដ៏​ត្រឹមត្រូវ​នេះ​បង្ហាញ​ឲ្យ​ដឹងថា មុន​ការ​មក​នៃ​ជាតិ​ឥណ្ឌា​ដែល​បាន​ពាំ​នាំមក​ជាមួយ​នូវ​ការ​សាបព្រោះ​វប្បធម៌ លើ​ប្រជាជន​ខ្មែរ​នៅ​ហ្វូណន ឬ​នគរ​ភ្នំ ។​
​    ​មូលហេតុ​ដែល​យើង​រំលឹក​ទស្សនៈ​នេះ​ឡើងវិញ ព្រោះ​រហូតដល់​សព្វថ្ងៃ ការខុសឆ្គង​ដែល​លោក​ឆ្លា​ប់​ពោល​ពីមុន ពុំទាន់​មានការ​កែ តម្រូវ​ឡើងវិញ​នៅឡើយ ។ សូម​រំលឹកថា ជាពិសេស​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​ខាងលើ គឺ​ក្នុង​សៀវភៅ​ដ៏​សំខាន់​ខាងលើ​នេះហើយ ដែលជា ឯកសារ​ប្រវត្តិសាស្ត្រ អ្នកនិពន្ធ​ខ្លះ​បាន​សរសេរ​ដោយ​ភាន់ច្រឡំ​ថា ជនជាតិខ្មែរ​មាន​ប្រភព​មកពី​ឥណ្ឌា​ជាពិសេស​ចេញមក​ពី​ប្រា​ស្ថៈ (​ឥន្ន​បាទ ស្ថិត​ក្បែរ​ទីក្រុង​ដែ​ល្លី សព្វថ្ងៃ​ប្រមាណ​១៥​គ​.​ម​) ។     ​
​    ​ជារួម សរសេរ​នៅ​ចុង​សតវត្សរ៍​ទី​១៩ ហើយ​បោះពុម្ព នៅ​ដើម​សតវត្ស​ទី​២០ ស្នាដៃ​របស់លោក អា​ដឺ​មារ ឡឺ​ក្លែ​រ ទោះ​ជាមាន​កង្វះខាត​យ៉ាងណាក៏ដោយ ក៏មាន​អត្ថប្រយោជន៍​យ៉ាង សំខាន់​សម្រាប់​ប្រវត្តិសាស្ត្រ​ខ្មែរ តាមពិតទៅ​គេ​ត្រូវ​រងចាំ​ដល់​រវាង​ឆ្នាំ​១៩៥២ និង​១៩៦៦ ទើប​ប្រវត្តិសាស្ត្រ នៃ​ប្រទេស​កម្ពុ​ជាមាន​មូលដ្ឋាន​ប្រាកដប្រជា​ជាង ជាពិសេស​ក្រោយពី​ការសិក្សា​វិភាគ​នៃ​ផ្ទាំង​សិលាចារឹក​ខ្មែរ​មួយចំនួន​ជាង​១៣០០​ផ្ទាំង​ដោយ លោក ហ្ស​ក ស៊ឺ​ដេ​ស និង អ្នក​ដែល​បន្តវេន​ពី​អ្នក ប្រាជ្ញ​រូបនេះ​។ តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​ស្នាដៃ​ជាច្រើន​របស់​អ្នកប្រាជ្ញ​ខាងលើនេះ នៅតែ​ជា​ប្រទីប​មួយ​សម្រាប់​ខេ​មរ​វិទ្យា ដែល​ខកខាន​ពុំបាន កាលបើ​គេច​ង់​សិក្សា​អំពី​ខ្មែរ​៕ 
(​ម​.​ត្រា​ណេ​)
    

Subscribe to this Blog via Email :